ព្រះត្រៃបិដក ភាគ ៤២
ទន្លេទាំងឡាយ ដែលមានពួកត្រីនៅអាស្រ័យ ច្រើនតែហូរចុះទៅកាន់សាគរ មានអន្លង់ទឹកធំ ដែលបុគ្គលរាប់មិនបាន ជាស្រះធំ ប្រកបដោយអារម្មណ៍គួរស្ញប់ស្ញែងដ៏ច្រើន ជាទីកើត នៃរតនវត្ថុទាំងឡាយ យ៉ាងណាមិញ។ ធារនៃបុណ្យ រមែងប្រព្រឹត្ត ហូរទៅកាន់នរជន ដែលជាបណ្ឌិត អ្នកឲ្យនូវបាយ ទឹក និងសំពត់ អ្នកឲ្យនូវទីដេក ទីអង្គុយ និងគ្រឿងកម្រាល ដូចជាទន្លេស្ទឹង ដែលហូរទៅកាន់សាគរ យ៉ាងនោះដែរ។
[៥៣] ម្នាលភិក្ខុទាំងឡាយ អានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសល នាំមកនូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើត ក្នុងស្ថានសួគ៌នេះ មាន ៤ យ៉ាង រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត។ អានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមក នៃកុសល ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើក ក្នុងព្រះពុទ្ធដូច្នេះថា ព្រះដ៏មានព្រះភាគ អង្គនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ទ្រង់ត្រាស់ដឹង នូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ
ID: 636853458320490631
ទៅកាន់ទំព័រ៖