ព្រះត្រៃបិដក ភាគ ៤២
ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើតក្នុងស្ថានសួគ៌ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក ជាអ្នកប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើក ក្នុងព្រះសង្ឃថា ព្រះសង្ឃ ជាសាវកនៃព្រះដ៏មានព្រះភាគ ប្រតិបត្តិហើយ ដោយប្រពៃ ព្រះសង្ឃ ជាសាវកនៃព្រះដ៏មានព្រះភាគ ប្រតិបត្តិដោយត្រង់ ព្រះសង្ឃ ជាសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិ ដើម្បីត្រាស់ដឹង នូវព្រះនិព្វាន ព្រះសង្ឃ ជាសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិសមគួរ ដល់សាមីចិកម្ម គឺប្រតិបត្តិគួរដល់សីល សមាធិ បញ្ញា ព្រះសង្ឃអង្គណា បើរាប់ជាគូ នៃបុរស មាន ៤ គូ បើរាប់រៀងជាបុរសបុគ្គល មាន ៨ ព្រះសង្ឃទាំងនុ៎ះ ជាសង្ឃសាវក នៃព្រះដ៏មានព្រះភាគ គួរទទួលនូវចតុប្បច្ច័យ ដែលបុគ្គលនាំមកបូជា គួរទទួលនូវអាគន្តុកទាន គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញកេ្ខត្ត នៃសត្វលោក រកខេត្តដទៃ ក្រៃលែងជាងគ្មាន ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្ស ជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសលទី ៣ ដែលនាំមកនូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅ ដើម្បីកើត ក្នុងស្ថានសួគ៌
ID: 636853458663300239
ទៅកាន់ទំព័រ៖