ព្រះត្រៃបិដក ភាគ ៤២
ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅគ្រប់គ្រងផ្ទះ ជាអ្នកជេរប្រទេចពួកសមណព្រាហ្មណ៍ដែរ។ ម្នាលគហបតីទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ខ្មោចប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី។ ម្នាលគហបតីទាំងឡាយ ចុះខ្មោចប្រុស នៅរួមជាមួយនឹងទេវតាស្រី តើដូចម្តេច។ ម្នាលគហបតីទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នកធ្វើនូវបាណាតិបាត ។បេ។ ក្រេបផឹកនូវសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅគ្រប់គ្រងផ្ទះ ជាអ្នកជេរប្រទេចពួកសមណព្រាហ្មណ៍ ប៉ុន្តែភរិយារបស់ស្វាមីនោះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ ជាអ្នកវៀរចាកការក្រេបផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង នៃសេចក្តីប្រមាទ ជាអ្នកមានសីល មានធម៌ល្អ មានចិត្តប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ នៅគ្រប់គ្រងផ្ទះ ជាអ្នកមិនជេរប្រទេចពួកសមណព្រាហ្មណ៍។ ម្នាលគហបតីទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ខ្មោចប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី។ ម្នាលគហបតីទាំងឡាយ ចុះទេវតាប្រុស នៅរួមជាមួយគ្នានឹងខ្មោចស្រី តើដូចម្តេច។
ID: 636853459533750026
ទៅកាន់ទំព័រ៖