ព្រះត្រៃបិដក ភាគ ៤២

 ​[​៥៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្វាស​ ​(​ការ​នៅ​រួមគ្នា​ជាមួយនឹង​ស្វាមី​ ​ភរិយា​)​ ​នេះ​ ​មាន​ ​៤​ ​យ៉ាង​។​ ​សង្វាស​ ​៤​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ខ្មោច​ប្រុស​ ​នៅ​រួមគ្នា​ជាមួយនឹង​ខ្មោច​ស្រី​ ​១​ ​ខ្មោច​ប្រុស​ ​នៅ​រួមគ្នា​ជាមួយនឹង​ទេវតា​ស្រី​ ​១​ ​ទេវតា​ប្រុស​ ​នៅ​រួមគ្នា​ជាមួយនឹង​ខ្មោច​ស្រី​ ​១​ ​ទេវតា​ប្រុស​ ​នៅ​រួមគ្នា​ជាមួយនឹង​ទេវតា​ស្រី​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ខ្មោច​ប្រុស​ ​នៅ​រួមគ្នា​ជាមួយនឹង​ខ្មោច​ស្រី​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្វាមី​ក្នុង​លោក​នេះ​ ​ជា​អ្នក​ប្រព្រឹត្ត​ធ្វើ​នូវ​បាណាតិបាត​ ​ធ្វើ​នូវ​អទិន្នាទាន​ ​ធ្វើ​នូវ​កា​មេ​សុ​មិច្ឆាចារ​ ​ពោល​ពាក្យ​មុសា​ ​ពោល​ពាក្យ​ញុះញង់​ ​ពោល​ពាក្យ​អាក្រក់​ ​ពោល​ពាក្យ​រោយរាយ​ ​មាន​អភិជ្ឈា​ ​មានចិត្ត​ព្យាបាទ​ ​មាន​សេចក្តី​ឃើញ​ខុស​ ​ទ្រុស្តសីល​ ​មានធម៌​លាមក​ ​មានចិត្ត​ត្រូវ​មន្ទិល​ ​គឺ​សេចក្តី​កំណាញ់​រួបរឹត​ ​នៅ​គ្រប់គ្រង​ផ្ទះ​ ​ជេរប្រទេច​ពួក​សមណ​ព្រាហ្មណ៍​ ​ទាំង​ភរិយា​របស់​បុរស​នោះ​ ​ក៏​ជា​អ្នក​ប្រព្រឹត្ត​ធ្វើ​នូវ​បាណាតិបាត​ ​ធ្វើ​នូវ​អទិន្នាទាន​ ​ធ្វើ​នូវ​កា​មេ​សុ​មិច្ឆាចារ​ ​ពោល​ពាក្យ​មុសា​ ​ពោល​ពាក្យ​ញុះញង់​ ​ពោល​ពាក្យ​អាក្រក់​ ​ពោល​ពាក្យ​រោយរាយ​ ​មាន​អភិជ្ឈា​ ​មានចិត្ត​ព្យាបាទ​ ​មាន​សេចក្តី​ឃើញ​ខុស​ ​ទ្រុស្តសីល​ ​មានធម៌​លាមក​ ​មានចិត្ត​ត្រូវ​មន្ទិល​ ​គឺ​សេចក្តី​កំណាញ់​រួបរឹត​ ​នៅ​គ្រប់គ្រង​ផ្ទះ​ ​ជេរប្រទេច​ពួក​សមណ​ព្រាហ្មណ៍​ដែរ​។​
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636853460420820763
ទៅកាន់ទំព័រ៖