ព្រះត្រៃបិដក ភាគ ៤២
[៥៧] ម្នាលភិក្ខុទាំងឡាយ បើប្រពន្ធ និងប្តីទាំងពីរនាក់ ប្រាថ្នាឲ្យជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ឲ្យជួបគ្នា ក្នុងបរលោកផង លុះតែជនទាំងពីរនាក់នោះ មានសទ្ធាស្មើគ្នា មានសីលស្មើគ្នា មានចាគៈស្មើគ្នា មានបញ្ញាស្មើគ្នា ទើបជនទាំងនោះ ជួបគ្នាក្នុងបច្ចុប្បន្ននេះផង ជួបគ្នាក្នុងបរលោកផង។
ជនទាំងពីរនាក់ ជាអ្នកមានសទ្ធា ជាអ្នកដឹងនូវពាក្យពេចន៍នៃស្មូម ជាអ្នកសង្រួម (ក្នុងសីល) ជាអ្នកចិញ្ចឹមជីវិត តាមគន្លងធម៌ ប្រពន្ធ និងប្តីទាំងនោះ ពោលពាក្យផ្អែមល្ហែមរកគ្នានឹងគ្នា រមែងមានសេចក្តីចំរើនដ៏ច្រើន ទាំងមានការនៅជាសុខ កើតឡើងដល់គ្នានឹងគ្នា ពួកសត្រូវ រមែងអាក់អន់ចិត្ត ចំពោះជនទាំងពីរ ដែលមាន សីលស្មើគ្នា ជនទាំងពីរនាក់ មានសីល និងវត្តស្មើគ្នា លុះប្រព្រឹត្តធម៌ ក្នុងលោកនេះហើយ (បើ) មានចំណង់ក្នុងកាម រមែងជាអ្នកត្រេកអរ រីករាយ ក្នុងទេវលោកបាន។
ID: 636853461857532939
ទៅកាន់ទំព័រ៖