ព្រះត្រៃបិដក ភាគ ៤២
ជនទាំងឡាយណា រលឹកឃើញនូវយញ្ញៈ ដូច្នោះ កើតមានសេចក្តីតេ្រកអរ កំចាត់បង់នូវមន្ទិល គឺសេចក្តីកំណាញ់ ព្រមទាំងឫសក្នុងលោក ជនទាំងនោះ ឥតមានគេនិន្ទា តែងចូលទៅកាន់ស្ថានសួគ៌បាន។
[៥៩] គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគហបតី អរិយសាវក កាលឲ្យនូវភោជនាហារ ឈ្មោះថា ឲ្យនូវឋានៈ ៤ យ៉ាង ដល់បដិគ្គាហកៈទាំងឡាយ។ ឋានៈ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺឲ្យអាយុ ១ ឲ្យវណ្ណៈ ១ ឲ្យសុខៈ ១ ឲ្យពលៈ ១។ លុះឲ្យអាយុហើយ រមែងជាអ្នកមានចំណែក គឺបានទទួលយក នូវអាយុជារបស់ទិព្វ ឬជារបស់មនុស្ស លុះឲ្យវណ្ណៈហើយ… លុះឲ្យសុខៈហើយ… លុះឲ្យពលៈហើយ រមែងជាអ្នកមានចំណែក គឺបានទទួលយក នូវពលៈ ជារបស់ទិព្វ ឬជារបស់មនុស្ស។ ម្នាលគហបតី អរិយសាវក កាលឲ្យភោជនាហារ ឈ្មោះថា ឲ្យនូវឋានៈ ៤ យ៉ាងនេះ ដល់បដិគ្គាហកៈទាំងឡាយ។
ID: 636853462504159924
ទៅកាន់ទំព័រ៖