ព្រះត្រៃបិដក ភាគ ៤២
បុគ្គលណាឲ្យនូវភោជនាហារ ដល់ពួកភិក្ខុដែលសង្រួម (ក្នុងសីល) ជាអ្នកបរិភោគភោជន ដែលបុគ្គលដទៃឲ្យ ដោយគោរពតាមកាល បុគ្គលនោះ រមែងបានទទួលនូវឋានៈ ទាំង ៤ យ៉ាង គឺអាយុ ១ វណ្ណៈ ១ សុខៈ ១ ពលៈ ១។ ជនអ្នកឲ្យអាយុ ឲ្យពលៈ ឲ្យសុខៈ ឲ្យវណ្ណៈ កើតក្នុងភពណា ៗ រមែងជាអ្នកមានអាយុវែង មានយសបរិវារ ក្នុងភពនោះ ៗ។
[៦០] ម្នាលភិក្ខុទាំងឡាយ ទាយក កាលឲ្យនូវភោជនាហារ ឈ្មោះថា ឲ្យនូវឋានៈ ៤ យ៉ាង ដល់បដិគា្គហកៈទាំងឡាយ។ ឋានៈ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺឲ្យអាយុ ១ ឲ្យវណ្ណៈ ១ ឲ្យសុខៈ ១ ឲ្យពលៈ ១។ លុះឲ្យអាយុហើយ រមែងជាអ្នកមានចំណែក គឺបានទទួលនូវអាយុ ជារបស់ទិព្វ ឬជារបស់មនុស្ស លុះឲ្យវណ្ណៈហើយ … លុះឲ្យសុខហើយ … លុះឲ្យពលៈហើយ រមែងជាអ្នកមានចំណែក គឺបានទទួលនូវពលៈ ជារបស់ទិព្វ ឬជារបស់មនុស្ស ម្នាលភិក្ខុទាំងឡាយ ទាយក កាលឲ្យនូវភោជនាហារ ឈ្មោះថា ឲ្យនូវឋានៈ ៤ យ៉ាងនេះ ដល់បដិគ្គាហកៈទាំងឡាយ។
ID: 636853462747683852
ទៅកាន់ទំព័រ៖