ព្រះត្រៃបិដក ភាគ ៤២
បំណងថា កាលបើអាត្មាអញ បាននូវភោគៈ ដោយកម្ម ប្រកបដោយធម៌ហើយ បានយសហើយ ទើបអាត្មាអញ ព្រមទាំងពួកញាតិ ព្រមទាំងឧបជ្ឈាយ៍ បានចិញ្ចឹមជីវិតអស់កាលយូរ រក្សាអាយុឲ្យបានវែងហើយ លុះបែកធ្លាយរាង កាយ បន្ទាប់អំពីមរណៈទៅ សូមឲ្យបានទៅកើតក្នុងសុគតិសួគ៌ ទេវលោក នេះជាធម៌ទី៤ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលរកបានដោយក្រក្នុងលោក។ ម្នាលគហបតី ធម៌ ៤ ប្រការនេះ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលរកបានដោយក្រក្នុងលោក។ ម្នាលគហបតី ធម៌ ៤ ប្រការ ប្រព្រឹត្តទៅ ដើម្បីបានចំពោះ នូវធម៌ ៤ ប្រការ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែលបុគ្គលរកបានដោយក្រក្នុងលោកនេះ។ ធម៌ ៤ ប្រការដូចម្តេច។ គឺសទ្ធាសម្បទា ១ សីលសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។ ម្នាលគហបតី ចុះសទ្ធាសម្បទា តើដូចម្តេច។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ មានសទ្ធា ជឿសេចក្តីត្រាស់ដឹងព្រះតថាគតថា ព្រះដ៏មានព្រះភាគនោះ ព្រះអង្គជាអរហន្ត ជាសម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ មានព្រះដំណើរល្អ ជ្រាបច្បាស់ នូវលោក ឥតមានបុគ្គលដទៃស្មើ ទូន្មានបុរស ដែលគួរទូន្មានបាន
ID: 636853463908440244
ទៅកាន់ទំព័រ៖