ព្រះត្រៃបិដក ភាគ ៤២
មិនជំពាក់បំណុលអ្វីមួយ តិចក្តី ច្រើនក្តី របស់បុគ្គលណាមួយ កុលបុត្រនោះ រមែងបានសេចក្តីសុខ បានសោមនស្ស ដូច្នេះថា អាត្មាអញ មិនជំពាក់បំណុលអ្វីមួយ តិចក្តី ច្រើនក្តី របស់បុគ្គលណាមួយទេ។ ម្នាលគហបតី នេះហៅថា អនណសុខ។ ម្នាលគហបតី ចុះអនវជ្ជសុខ តើដូចម្តេច។ ម្នាលគហបតី អរិយសាវក ក្នុងសាសនានេះ អ្នកប្រកបដោយកាយកម្ម ឥតមានទោស ប្រកបដោយវចីកម្ម ឥតមានទោស ប្រកបដោយមនោកម្ម ឥតមានទោស អរិយសាវកនោះ រមែងបាន សុខ បានសោមនស្ស ដូច្នេះថា អាត្មាអញ ប្រកបដោយកាយកម្ម ឥតមានទោសទេ ប្រកបដោយវចីកម្ម ឥតមានទោសទេ ប្រកបដោយមនោកម្ម ឥតមានទោសទេ។ ម្នាលគហបតី នេះហៅថា អនវជ្ជសុខ។ ម្នាលគហបតី សេចក្តីសុខ ៤ យ៉ាងនេះឯង ដែលគ្រហស្ថអ្នកបរិភោគកាម អាស្រ័យនូវកាលតាមកាល នូវសម័យតាមសម័យ ហើយគប្បីបានសម្រេច ដោយប្រការដូច្នេះ។
ID: 636853465924445553
ទៅកាន់ទំព័រ៖