ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ ពាក្យថា បុព្វទេពនុ៎ះ ជាឈ្មោះរបស់មាតាបិតាទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា អាហុនេយ្យបុគ្គលនុ៎ះ ជាឈ្មោះរបស់មាតាបិតាទាំងឡាយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា មាតាបិតាទាំងឡាយ មានឧបការៈច្រើន ជាអ្នករក្សា ជាអ្នកចិញ្ចឹម ជាអ្នកបង្ហាញនូវលោកនេះ ដល់បុត្រទាំងឡាយ។
មាតាបិតាទាំងឡាយ ជាអ្នកអនុគ្រោះដល់ពួកបុត្រ ហៅថាជាព្រហ្មផង ហៅថា ជាបុព្វាចារ្យផង ជាអាហុនេយ្យបុគ្គលផង របស់បុត្រទាំងឡាយ។ ព្រោះហេតុដូច្នោះ បណ្ឌិតគប្បីនមស្ការ ធ្វើសក្ការៈ ចំពោះមាតាបិតាទាំងនោះ ដោយបាយ ទឹក សំពត់ ទីដេក ការដុសជំរះ ការផ្ងូតទឹក ការលាងជើង និងការបំរើ ចំពោះមាតាបិតាទាំងឡាយនោះ បណ្ឌិតទាំងឡាយ តែងសរសើរ បុគ្គលនោះ ក្នុងលោកនេះដោយពិត លុះលះលោកនេះទៅ រមែងរីករាយក្នុងឋានសួគ៌។
ID: 636853466429954466
ទៅកាន់ទំព័រ៖