ព្រះត្រៃបិដក ភាគ ៤២
សព្វសត្វទាំងឡាយផង សព្វប្រាណទាំងឡាយផង សព្វភូតទាំងឡាយផង ទាំងអស់គ្នា សត្វទាំងអស់ (នោះ) ចូរប្រទះ នូវសេចក្តីចំរើនទាំងឡាយ សេចក្តីអាក្រក់បន្តិចបន្តួច កុំមកឡើយ។
ព្រះពុទ្ធមានគុណប្រមាណមិនបាន ព្រះធម៌មានគុណប្រមាណមិនបាន ព្រះសង្ឃមានគុណប្រមាណមិនបាន សត្វលូន ឬសត្វវារទាំងឡាយ គឺពស់ ខ្ទួយ ក្អែប ពីងពាង តុកកែ កណ្តុរ សុទ្ធតែមានប្រមាណ (រាប់បាន) គឺថា មិនច្រើនដូចគុណព្រះរត្នត្រ័យទេ។ កិរិយារក្សា ខ្ញុំបានធ្វើហើយ កិរិយាការពារ ខ្ញុំបានធ្វើហើយ ពួកសត្វចូរចៀសទៅ ខ្ញុំសូមនមស្ការ ចំពោះព្រះដ៏មានព្រះភាគ សូមនមស្ការព្រះសម្មាសម្ពុទ្ធ ទាំង ៧ ព្រះអង្គ។
[៦៩] សម័យមួយ ព្រះមានព្រះភាគ ស្តេចគង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ កាលទេវទត្តភិក្ខុ ចេញទៅមិនយូរប៉ុន្មាន។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ប្រារព្ធទេវទត្តភិក្ខុ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសំឡាប់ខ្លួន ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសេចក្តីវិនាស។
ID: 636853468081368922
ទៅកាន់ទំព័រ៖