ព្រះត្រៃបិដក ភាគ ៤២
ឧបាសិកាមានសទ្ធា ១ បុគ្គលទាំងអម្បាលនេះឯង រមែងញុំាងសង្ឃឲ្យរុងរឿង ព្រោះថា បុគ្គលទាំងនេះ ជាអ្នកធ្វើសង្ឃ ឲ្យរុងរឿង។
[៨] ម្នាលភិក្ខុទាំងឡាយ តថាគត ប្រកបដោយវេសារជ្ជញ្ញាណ (ប្រាជ្ញាក្លៀវក្លា) បែបណា តែងបេ្តជ្ញានូវទីដ៏ប្រសើរ បន្លឺនូវសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រ (ចក្រ គឺធម៌ដ៏ប្រសើរ) ឲ្យប្រព្រឹត្តទៅបាន វេសារជ្ជញ្ញាណនេះ របស់តថាគត មាន ៤ យ៉ាង។ វេសារជ្ជញ្ញាណ ៤ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនឃើញនូវនិមិត្ត គឺធម៌ ឬបុគ្គលនុ៎ះថា សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី បុគ្គលណាមួយ ក្នុងលោកក្តី នឹងចោទតថាគត ដោយពាក្យប្រកបដោយធម៌ ក្នុងហេតុនោះថា លោកបេ្តជ្ញាខ្លួន ថាជាអ្នកត្រាស់ដឹងឯង ដោយប្រពៃ ប៉ុន្តែធម៌ទាំងអម្បាលនេះ លោកមិនបានត្រាស់ដឹងទេ ម្នាលភិក្ខុទាំងឡាយ កាលតថាគតមិនឃើញ នូវនិមិត្តនុ៎ះឯង ទើបដល់នូវសេចក្តីក្សេម ដល់នូវភាពជាអ្នកមិនមានភ័យ ដល់នូវភាពជាអ្នកក្លៀវក្លា ១។
ID: 636853393499363075
ទៅកាន់ទំព័រ៖