ព្រះត្រៃបិដក ភាគ ៤២
អ្នកនេះជាអសប្បុរស។ ម្នាលភិក្ខុទាំងឡាយ មួយទៀត រឿងណា ជាទោសរបស់ខ្លួន អសប្បុរស ទុកជាមានគេសួរ ក៏មិនប្រាប់រឿងនោះ ឲ្យប្រាកដឡើង។ នឹងបាច់ពោលទៅថ្វី ដល់រឿងដែលគេមិនសួរ។ តែថា អសប្បុរស ដែលគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលទោសរបស់ខ្លួន មិនដោយសេចក្តីពិស្តារ មិនពេញលេញ ឲ្យឆាប់អស់ ឲ្យឆាប់ហើយទេ។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញគប្បីដឹងដំណើរនុ៎ះថា អ្នកនេះជាអសប្បុរស។ ម្នាលភិក្ខុទាំងឡាយ មួយទៀត រឿងណាជាគុណរបស់ខ្លួន អសប្បុរស ទុកជាមិនមានគេសួររឿងនោះ ក៏ប្រាប់រឿងនោះ ឲ្យប្រាកដឡើង។ នឹងបាច់ពោលទៅថ្វី ដល់រឿងដែលគេសួរ។ តែថា អសប្បុរសដែលគេសួរ គេនាំមកដើម្បីចោទសួរ ក៏ពោលគុណរបស់ខ្លួន ឲ្យពិស្តារ ឲ្យពេញលេញ មិនឲ្យអស់ មិនឲ្យហើយទេ។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញគប្បីដឹងដំណើរនុ៎ះថា អ្នកនេះជាអសប្បុរស។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ ប្រការនេះ អ្នកប្រាជ្ញគប្បីដឹងថាជាអសប្បុរស។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ ប្រការ (ដោយឡែកទៀត) អ្នកប្រាជ្ញគប្បីដឹងថា ជាសប្បុរស។ ធម៌ ៤ ប្រការ ដូចម្តេចខ្លះ ។
ID: 636853470426813073
ទៅកាន់ទំព័រ៖