ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ បើសេចក្តីសង្ស័យ ឬសេចក្តីរង្កៀសចិត្ត ក្នុងព្រះពុទ្ធក្តី ព្រះធម៌ក្តី ព្រះសង្ឃក្តី មគ្គក្តី បដិបទាក្តី មានដល់ភិក្ខុមួយរូប ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសួរមកចុះ កុំមានសេចក្តីក្តៅក្រហាយ ស្តាយក្រោយថា ព្រះសាស្តារបស់យើង គង់នៅក្នុងទីចំពោះមុខ ពួកយើងមិនបានទូលសួរព្រះដ៏មានព្រះភាគ ចំពោះព្រះភក្រ្តសោះ។ ភិក្ខុទាំងនោះ នៅស្ងៀមអស់វារៈ ជាគំរប់ ៣ ដងទៀត។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនហ៊ានសួរ ព្រោះមានសេចក្តីគោរព ក្នុងព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ ឯភិក្ខុជាសំឡាញ់ ចូរប្រាប់ភិក្ខុជាសំឡាញ់ផងគ្នាចុះ។ កាលព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះហើយ ពួកភិក្ខុទាំងនោះ ក៏នៅស្ងៀម។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា អស្ចារ្យណាស់ ព្រះអង្គ ចំឡែកណាស់ ព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីជ្រះថ្លា ក្នុងពួកភិក្ខុនេះ ដោយប្រការយ៉ាងនេះ។ សេចក្តីសង្ស័យ ឬសេចក្តីរង្កៀសចិត្ត ក្នុងព្រះពុទ្ធក្តី ព្រះធម៌ក្តី ព្រះសង្ឃក្តី មគ្គក្តី បដិបទាក្តី ក្នុងពួកភិក្ខុទាំងនេះ មិនមានដល់ភិក្ខុមួយរូបឡើយ។
ID: 636853471378627514
ទៅកាន់ទំព័រ៖