ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតក្តី អ្នកទាំងឡាយក្តី អន្ទោលទៅ ត្រេចរង្គាត់ទៅ អស់កាលដ៏វែងយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវអរិយសមាធិ (សមាធិដ៏ប្រសើរ) ១ ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតក្តី អ្នកទាំងឡាយក្តី អន្ទោលទៅ ត្រេចរង្គាត់ទៅ អស់កាលដ៏វែងយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវអរិយបញ្ញា (បញ្ញាដ៏ប្រសើរ) ១ ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតក្តី អ្នកទាំងឡាយក្តី អន្ទោលទៅ ត្រេចរង្គាត់ទៅ អស់កាលដ៏វែងយ៉ាងនេះ ព្រោះមិនបានត្រាស់ដឹង មិនបានចាក់ធ្លុះ នូវអរិយវិមុត្តិ (វិមុត្តិដ៏ប្រសើរ) ១។ ម្នាលភិក្ខុទាំងឡាយ អរិយសីលនោះ តថាគតក្តី អ្នកទាំងឡាយក្តី បានត្រាស់ដឹងហើយ ចាក់ធ្លុះហើយ អរិយសមាធិ ក៏បាន ត្រាស់ដឹងហើយ ចាក់ធ្លុះហើយ អរិយបញ្ញា ក៏បានត្រាស់ដឹងហើយ ចាក់ធ្លុះហើយ អរិយវិមុត្តិ ក៏បានត្រាស់ដឹងហើយ ចាក់ធ្លុះហើយ សេចក្តីប្រាថ្នាក្នុងភព ក៏បានកាត់ចោលហើយ តណ្ហា ជាគ្រឿងនាំទៅក្នុងភព ក៏អស់ហើយ ឥឡូវនេះ ការកើតតទៅទៀត មិនមានឡើយ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នូវពាក្យនេះ លុះព្រះសុគត ជាសាស្តា ទ្រង់ត្រាស់នូវពាក្យនេះរួចហើយ ទើបទ្រង់ត្រាស់ នូវព្រះគាថានេះ តទៅទៀតថា
ID: 636853388594082509
ទៅកាន់ទំព័រ៖