ព្រះត្រៃបិដក ភាគ ៤២
ជាអ្នកទ្រុស្តសីល មានបាបធម៌ ទាំងបដិគ្គាហកៈ ក៏ជាអ្នកទ្រុស្តសីល មានបាបធម៌ដែរ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឈ្មោះថា ទក្ខិណា មិនបរិសុទ្ធអំពីទាយក ទាំងមិនបរិសុទ្ធអំពីបដិគ្គាហកៈ។ ម្នាលភិក្ខុទាំងឡាយ ចុះទក្ខិណា បរិសុទ្ធអំពីទាយកផង អំពីបដិគ្គាហកៈផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ទាយកក្នុងសាសនានេះ ជាអ្នកមាន សីល មានកល្យាណធម៌ បដិគ្គាហកៈ ក៏ជាអ្នកមានសីល មានកល្យាណធម៌ដូចគ្នា។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឈ្មោះថា ទក្ខិណា បរិសុទ្ធអំពីទាយកផង អំពីបដិគ្គាហកៈផង។ ម្នាលភិក្ខុទាំងឡាយ ទក្ខិណាវិសុទ្ធិ មាន ៤ ប្រការប៉ុណ្ណេះឯង។
[៨០] គ្រានោះ ព្រះសារីបុត្រដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្រដ៏មានអាយុ គង់នៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា
ID: 636853472485120802
ទៅកាន់ទំព័រ៖