ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះ តែងធ្លាក់ប្រូងទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង តែងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅដាក់។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺបុគ្គលបានពិនិត្យមើល បានស្ទង់មើលរួចហើយ ទើបពោលទោស ចំពោះបុគ្គល ដែលប្រកបដោយទោស ១ បានពិនិត្យមើល បានស្ទង់មើលរួចហើយ ទើបពោលគុណ ចំពោះបុគ្គល ដែលប្រកបដោយគុណ ១ បានពិនិត្យមើល បានស្ទង់មើលរួចហើយ ទើបបណ្តុះសេចក្តីមិនជ្រះថ្លា ក្នុងទីដែលមិនគួរជ្រះថ្លា ១ បានពិនិត្យមើល បានស្ទង់មើលរួចហើយ ទើបបណ្តុះសេចក្តីជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ទាំង ៤ យ៉ាងនេះ តែងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅដាក់។
[៨៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង តែងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺបុគ្គលជាអ្នកធ្ងន់ ក្នុងសេចក្តីក្រោធ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ជាអ្នកធ្ងន់ក្នុងសេចក្តីលុបគុណ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ជាអ្នកធ្ងន់ក្នុងលាភ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ជាអ្នកធ្ងន់ក្នុងសក្ការៈ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១។
ID: 636853474208739387
ទៅកាន់ទំព័រ៖