ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះ តែងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង តែងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅដាក់។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺបុគ្គល ជាអ្នកធ្ងន់ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសេចក្តីក្រោធ ១ ជាអ្នកធ្ងន់ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសេចក្តីលុបគុណ ១ ជាអ្នកធ្ងន់ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងលាភ ១ ជាអ្នកធ្ងន់ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសក្ការៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះ តែងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅដាក់។
[៨៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលងងឹត មានងងឹតទៅខាងមុខទៀត ១ បុគ្គលងងឹត មានពន្លឺទៅខាងមុខ ១ បុគ្គលភ្លឺ មានងងឹតទៅខាងមុខវិញ ១ បុគ្គលភ្លឺ មានពន្លឺទៅខាងមុខទៀត ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលងងឹត មានងងឹតទៅខាងមុខទៀត តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ កើតក្នុងត្រកូលថោកទាប គឺ ត្រកូលចណ្ឌាល ត្រកូលអ្នកត្បាញផែង
ID: 636853474433412238
ទៅកាន់ទំព័រ៖