ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ តថាគត មិនឃើញនូវនិមិត្ត គឺ ធម៌ ឬបុគ្គលនុ៎ះថា សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី បុគ្គលណាមួយ ក្នុងលោកក្តី នឹងចោទតថាគត ដោយពាក្យប្រកបដោយធម៌ ក្នុងហេតុនោះថា ធម៌ ដែលលោកសំដែងហើយ ដើម្បីប្រយោជន៍ ដល់គុណវិសេសណា គុណវិសេសនោះ មិនអាចស្រោចស្រង់ ដើម្បីឲ្យអស់ទៅ នៃទុក្ខដោយប្រពៃ ដល់អ្នកធ្វើតាមនូវធម៌នោះទេ ម្នាលភិក្ខុទាំងឡាយ កាលតថាគត ឃើញនូវនិមិត្តនុ៎ះឯង ទើបដល់នូវសេចក្តីក្សេម ដល់នូវភាពជាអ្នកមិនមានភ័យ ដល់នូវភាពជាអ្នកក្លៀវក្លា ១។ ម្នាលភិក្ខុទាំងឡាយ តថាគត ប្រកបដោយវេសារជ្ជញ្ញាណណា តែងប្តេជ្ញានូវទីដ៏ប្រសើរ បន្លឺនូវសីហនាទ ក្នុងពួកបរិសទ្យ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅបាន វេសារជ្ជញ្ញាណនោះ របស់តថាគត មាន ៤ យ៉ាងនេះឯង។
គន្លងនៃពាក្យណានីមួយដ៏ច្រើន ដែលគេរៀបរៀងទុកហើយក្តី ពួកសមណព្រាហ្មណ៍ ដែលអាស្រ័យនូវគន្លង នៃពាក្យណាក្តី គន្លងពាក្យទាំងនោះ លុះមកដល់ព្រះតថាគត ដែលជាអ្នកមានសេចក្តីក្លៀវក្លា គ្របសង្កត់ នូវគន្លងនៃពាក្យហើយ ក៏រមែងវិនាសសាបសូន្យទៅ
ID: 636853394364872579
ទៅកាន់ទំព័រ៖