ព្រះត្រៃបិដក ភាគ ៤២
បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។
[៩០] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺសមណៈមិនរំភើប ១ សមណៈឈូកស ១ សមណៈឈូកក្រហម ១ សមណៈចំរើនដោយសុខ ក្នុងពួកសមណៈ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈមិនរំភើប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីយល់ឃើញត្រូវ មានសេចក្តីត្រិះរិះត្រូវ មានវាចាត្រូវ មានការងារត្រូវ មានការចិញ្ចឹមជីវិតត្រូវ មានព្យាយាមត្រូវ មានស្មារតីត្រូវ មានការដម្កល់ចិត្តត្រូវ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសមណៈមិនរំភើប យ៉ាងនេះឯង។
ID: 636853476838039775
ទៅកាន់ទំព័រ៖