ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាសមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បើគេអង្វរ ទើបប្រើប្រាស់ចីវរច្រើន បើគេមិនអង្វរទេ ក៏ប្រើប្រាស់តិច។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកផងពោលសរសើរបុគ្គលណា ថាជាសមណៈ ចំរើននដោយសុខ ក្នុងពួកសមណៈ ម្នាលភិក្ខុទាំងឡាយ អ្នកផងដែលពោលសរសើរបុគ្គលនោះ ក៏ត្រូវត្រង់តថាគតហ្នឹងឯង ថាជាសមណៈ ចំរើនដោយសុខ ក្នុងពួកសមណៈ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា តថាគត បើគេអង្វរ ទើបប្រើប្រាស់ចីវរច្រើន បើគេមិនអង្វរទេ ក៏ប្រើប្រាស់ចីវរតិច។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែងមាននៅក្នុងលោក។
ចប់ មចលវគ្គ ទី៤។
ឧទ្ទាននៃមចលវគ្គនោះគឺ
និយាយអំពីបាណាតិបាត ជាដើម ១ អំពីមុសាវាទ ជាដើម ១ អំពីបុគ្គលពោលសរសើរគុណ ១ អំពីបុគ្គលធ្ងន់ ក្នុងសេចក្តីក្រោធ ១ អំពីបុគ្គលងងឹត ១ អំពីបុគ្គលទាប ១ អំពីសេក្ខភិក្ខុ ប្រៀបដោយព្រះរាជបុត្រ ១ អំពីសញ្ញោជនៈ ១ អំពីភិក្ខុជាអ្នកយល់ត្រូវ ជាដើម ១ អំពីភិក្ខុជាអ្នកពិចារណា ក្នុងឧបាទានក្ខន្ធ ១ រួមទាំងអស់នោះ ត្រូវជា ១០។
ID: 636853477740441389
ទៅកាន់ទំព័រ៖