ព្រះត្រៃបិដក ភាគ ៤២
បុរសមានតណ្ហាជាគំរប់ពីរ អន្ទោលទៅ (ក្នុងសង្សារវដ្ត) អស់កាលដ៏វែង រមែងមិនប្រព្រឹត្តកន្លង នូវសង្សារ គឺខន្ធ ធាតុ អាយតនៈ ដែលមានក្នុងអត្តភាពនេះ និងខាងមុខ។ លុះភិក្ខុដឹងច្បាស់ នូវតណ្ហានេះ ថាជាទោស ជាដែនកើតព្រមនៃទុក្ខ ហើយជាអ្នកប្រាសចាកតណ្ហា មិនមានសេចក្តីប្រកាន់មាំ មានស្មារតីនៅគ្រប់ឥរិយាបថ។
[១០] ម្នាលភិក្ខុទាំងឡាយ យោគៈ (កិលេសជាគ្រឿងប្រកបសត្វទុក ក្នុងវដ្តៈ) នេះមាន ៤ យ៉ាង។ យោគៈ ៤ យ៉ាង តើដូចម្តេច។ គឺ កាមយោគៈ ១ ភវយោគៈ ១ ទិដ្ឋិយោគៈ ១ អវិជ្ជាយោគៈ ១។ ម្នាលភិក្ខុទាំងឡាយ កាមយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវកាមទាំងឡាយ កាលបើបុគ្គលនោះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវកាមទាំងឡាយ ក៏កើតមានតម្រេកក្នុងកាម សេចក្តីរីករាយក្នុងកាម សេចក្តីសេ្នហាក្នុងកាម សេចក្តីងប់នៅក្នុងកាម សេចក្តីស្រេកឃ្លានក្នុងកាម
ID: 636853394960016620
ទៅកាន់ទំព័រ៖