ព្រះត្រៃបិដក ភាគ ៤២
[៩៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បាននូវចេតោសមថៈ ខាងក្នុងសន្តាន តែមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ បាននូវអធិប្បញ្ញាធម្មវិបស្សនា តែមិនបាននូវចេតោសមថៈ ខាងក្នុងសន្តាន ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបាននូវចេតោសមថៈ ខាងក្នុងសន្តាន ទាំងមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកបាននូវចេតោសមថៈ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង ១។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង ៤ ពួកនោះ បុគ្គលណា បាននូវចេតោសមថៈ ខាងក្នុងសន្តាន តែមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ គប្បីចូលទៅរកបុគ្គល ដែលបាននូវអធិប្បញ្ញាធម្មវិបស្សនា ហើយសួរយ៉ាងនេះថា ម្នាលអាវុសោ សង្ខារទាំងឡាយ គេត្រូវឃើញដូចម្តេច សង្ខារទាំងឡាយ គេត្រូវពិចារណាយ៉ាងណា សង្ខារទាំងឡាយ គេត្រូវឃើញច្បាស់ ដោយហេតុដូចម្តេច។
ID: 636853479703743683
ទៅកាន់ទំព័រ៖