ព្រះត្រៃបិដក ភាគ ៤២
[៩៨] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ១ បុគ្គលមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ អាចដឹងឆាប់ ក្នុងកុសលធម៌ទាំងឡាយ ជាអ្នកចងចាំនូវធម៌ ដែលខ្លួនបានស្តាប់មកផង ជាអ្នកត្រិះរិះ នូវសេចក្តីនៃធម៌ ដែលខ្លួនចងចាំមកផង ជាអ្នកដឹងនូវអដ្ឋកថា ដឹងនូវបាលី ហើយប្រតិបត្តិ នូវធម៌ដ៏សមគួរដល់ធម៌ផង តែជាអ្នកមានពាក្យមិនពីរោះ មិនបញ្ចេញនូវពាក្យដែលពីរោះ មិនប្រកបដោយពាក្យអ្នកក្រុង មិនពន្យល់ មិនបបួល មិនធ្វើឲ្យក្លាហាន មិនធ្វើឲ្យរីករាយ ដល់សព្រហ្មចារីបុគ្គលទាំងឡាយ ដោយពាក្យដែលប្រាសចាកសេចក្តីរង្កៀស ជាពាក្យឥតទោស ជាពាក្យពន្យល់នូវសេចក្តី។
ID: 636853481205809597
ទៅកាន់ទំព័រ៖