ព្រះត្រៃបិដក ភាគ ៤២
[១០០] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺបុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ១ បុគ្គល អ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍ អ្នកដទៃផង ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន តែមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត ចំពោះខ្លួន តែមិនបបួលអ្នកដទៃ ឲ្យវៀរចាកបាណាតិបាត ជាអ្នកវៀរចាកអទិន្នាទាន ចំពោះខ្លួន តែមិនបបួលអ្នកដទៃ ឲ្យវៀរចាកអទិន្នាទាន ជាអ្នកវៀរចាកកាមេសុមិច្ឆាចារ ចំពោះខ្លួន តែមិនបបួលអ្នកដទៃ ឲ្យវៀរចាកកាមេសុមិច្ឆាចារ ជាអ្នកវៀរចាកមុសាវាទ ចំពោះខ្លួន តែមិនបបួលអ្នកដទៃ ឲ្យវៀរចាកមុសាវាទ ជាអ្នកវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យចំពោះខ្លួន តែមិនបបួលអ្នកដទៃ ឲ្យវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
ID: 636853481944851868
ទៅកាន់ទំព័រ៖