ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន ទាំងមិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាតចំពោះខ្លួនផង បបួលអ្នកដទៃ ឲ្យវៀរចាកបាណាតិបាតផង វៀរចាកអទិន្នាទានចំពោះខ្លួនផង បបួលអ្នកដទៃ ឲ្យវៀរចាកអទិន្នាទានផង វៀរចាកកាមេសុមិច្ឆាចារ ចំពោះខ្លួនផង បបួលបុគ្គលដទៃ ឲ្យវៀរចាកកាមេសុមិច្ឆាចារផង វៀរចាកមុសាវាទចំពោះខ្លួនផង បបួលបុគ្គលដទៃ ឲ្យវៀរ ចាកមុសាវាទផង វៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ចំពោះខ្លួនផង បបួលអ្នកដទៃ ឲ្យវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនផង ដើម្បីប្រយោជន៍អ្នកដទៃផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះ រមែងមាននៅក្នុងលោក។
ID: 636853482298732108
ទៅកាន់ទំព័រ៖