ព្រះត្រៃបិដក ភាគ ៤២
ពោលនូវពាក្យសរសើរ ចំពោះបុគ្គលដែលគួរសរសើរ ជាពាក្យពិត ពាក្យមែន ដោយកាលគួរផង បណ្តាបុគ្គលទាំង ៤ ពួកនេះ បុគ្គលនេះ ចាត់ថាល្អជាងផង ប្រសើរជាងផង រមែងគាប់ចិត្តដល់ខ្ញុំព្រះអង្គ។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា ការដឹងកាលដ៏សមគួរ ក្នុងហេតុនោះ ៗ នុ៎ះចាត់ថាជាការល្អ។ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើន សំដែងដោយអនេកបរិយាយយ៉ាងនេះ ភ្លឺច្បាស់ណាស់ ឧបមាដូចបុគ្គលផ្ងារ នូវរបស់ដែលគេផ្កាប់ ឬបើកនូវរបស់ ដែលកំបាំង ឬបង្ហាញផ្លូវ ដល់បុគ្គលអ្នកវង្វេងទិស ពុំនោះសោត ដូចគេទ្រោលប្រទីប បំភ្លឺក្នុងទីងងឹត ដោយបំណងថា អ្នកមានភ្នែកភ្លឺ រមែងមើលឃើញ នូវរូបទាំងឡាយបាន។ ខ្ញុំព្រះអង្គ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះ ជាដើមទៅ។
ចប់ អសុរវគ្គ ទី៥។
ID: 636853483641718923
ទៅកាន់ទំព័រ៖