ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាអ្នកគ្រហឹម ឥតបង្អុរភ្លៀង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ រៀនសូត្រនូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បុគ្គលនោះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខនិរោធៈ ដូច្នេះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកគ្រហឹម ឥតបង្អុរភ្លៀង យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ មេឃនោះ គ្រហឹម ឥតបង្អុរភ្លៀង មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាអ្នកបង្អុរភ្លៀង ឥតគ្រហឹម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនបានរៀន សូត្រនូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ បុគ្គលនោះ រមែងដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ
ID: 636853484761502971
ទៅកាន់ទំព័រ៖