ព្រះត្រៃបិដក ភាគ ៤២
            
        
        
            
            
                
                ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឧបមាដោយក្អម ៤ ពួកនេះ រមែងមាននៅក្នុងលោក ដូច្នោះដែរ។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺបុគ្គលទទេ គ្របមាត់ ១ បុគ្គលពេញដោយទឹក តែបើកចំហមាត់ ១ បុគ្គលទទេ បើកចំហមាត់ ១ បុគ្គលពេញ ដោយទឹក ទាំងគ្របមាត់ ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលទទេ គ្របមាត់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាតអវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ គួរជាទីជ្រះថ្លា បុគ្គលនោះ មិនដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ មិនដឹងច្បាស់ តាមសេចក្តី ពិតថា នេះជាទុក្ខនិរោធ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនី បដិបទា ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទទេ គ្របមាត់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ក្អមនោះជាក្អមទទេគ្របមាត់ មានឧបមាយ៉ាងណា ម្នាលភិក្ខុ ទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុ ទាំងឡាយ ចុះបុគ្គលពេញដោយទឹក បើកចំហមាត់ តើដូចម្តេច។ 
            
            
         
        
            
                ID: 636853485322795075 
                
            
            
                ទៅកាន់ទំព័រ៖