ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ អន្លង់ទឹកនោះជ្រៅ មានឱភាសរាក់ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលរាក់ មានឱភាសរាក់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោក នេះ ដើរឈានទៅខាងមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាតអវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ មិនជាទីជ្រះថ្លា បុគ្គលនោះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ មិនដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលរាក់ មានឱភាសរាក់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អន្លង់ទឹកនោះរាក់ មានឱភាសរាក់ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជ្រៅ មានឱភាសជ្រៅ តើដូចម្តេច។
ID: 636853486215046109
ទៅកាន់ទំព័រ៖