ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដើរឈានទៅមុខ ដើរឈានថយក្រោយ ក្រឡេកមើលចំ ក្រឡេកមើលចំហៀង បត់អវយវៈចូល លាតអវយវៈចេញ ទ្រទ្រង់សង្ឃាដិ បាត្រ និងចីវរ គួរជាទីជ្រះថ្លា បុគ្គលនោះ រមែងដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខ ដូច្នេះ ដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទុក្ខសមុទយៈ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធ ដូច្នេះ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា ដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលជ្រៅ មានឱភាសជ្រៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំង ឡាយ អន្លង់ទឹកនោះជ្រៅ មានឱភាសជ្រៅ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា បុគ្គលនេះ មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឧបមាដោយអន្លង់ទឹក ៤ ពួកនេះ រមែងមាននៅក្នុងលោក។
[១០៦] ម្នាលភិក្ខុទាំងឡាយ ផ្លែស្វាយនេះ មាន ៤ យ៉ាង។ ផ្លែស្វាយ ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺ ផ្លែស្វាយខ្ចី មានសម្បុរទុំ ១ ផ្លែស្វាយទុំ មានសម្បុរខ្ចី ១ ផ្លែស្វាយខ្ចី មានសម្បុរខ្ចី ១ ផ្លែស្វាយទុំ មានសម្បុរទុំ ១។ ម្នាលភិក្ខុទាំងឡាយ ផ្លែស្វាយ មាន ៤ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ពួកនេះ មានឧបមា ដោយផ្លែស្វាយ ៤ ពួកនេះ រមែងមាននៅក្នុងលោក ដូច្នោះដែរ។
ID: 636853486411347336
ទៅកាន់ទំព័រ៖