ព្រះត្រៃបិដក ភាគ ៤២
កាលបើបុគ្គលនោះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវទិដ្ឋិទាំងឡាយ ក៏មិនកើតមានតម្រេកក្នុងទិដ្ឋិ សេចក្តីរីករាយក្នុងទិដ្ឋិ សេចក្តី ស្នេហាក្នុងទិដ្ឋិ សេចក្តីងប់នៅក្នុងទិដ្ឋិ សេចក្តីស្រេកឃ្លានក្នុងទិដ្ឋិ សេចក្តីអន្ទះអន្ទែងព្រោះទិដ្ឋិ សេចក្តីជ្រុលជ្រប់ក្នុងទិដ្ឋិ សេចក្តីប្រាថ្នាក្នុងទិដ្ឋិ ក្នុងទិដ្ឋិទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការមិនប្រកបដោយទិដ្ឋិយោគៈ។ ការមិនប្រកបដោយកាមយោគៈ ការមិនប្រកបដោយភវយោគៈ និងការមិនប្រកបដោយទិដ្ឋិយោគៈ ដូច្នេះឯង។ ចុះការមិនប្រកបដោយ អវិជ្ជាយោគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដឹងច្បាស់ តាមពិតនូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវផស្សាយតនៈទាំង ៦ កាលបើបុគ្គលនោះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវផស្សាយតនៈ ទាំង ៦ ក៏មិនមានសេចក្តីល្ងង់ សេចក្តីមិនដឹង ក្នុងផស្សាយតនៈ ទាំង ៦ ឡើយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការមិនប្រកបដោយអវិជ្ជាយោគៈ។
ID: 636853396235829592
ទៅកាន់ទំព័រ៖