ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ យ៉ាងនេះ ឈ្មោះថា ជាអ្នកគួរទទួលនូវទាន ដែលគេនាំមកបូជា។បេ។ ជាបុញ្ញកេ្ខត្ត ដ៏ប្រសើរនៃសត្វលោក។
[១១៣] ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើន មាន ៤ ពួក រមែងមាននៅក្នុងលោក។ ៤ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើនពួកខ្លះ ក្នុងលោកនេះ បានឃើញនូវស្រមោល នៃជន្លួញហើយ ក៏រំភើប ដល់នូវសេចក្តីតក់ស្លុតថា សារថីជាអ្នកទូន្មាននូវសេះ ដែលគួរទូន្មាន នឹងធ្វើហេតុអ្វីដល់អញក្នុងថ្ងៃនេះ អញនឹងធ្វើតបទៅសារថីនោះ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើននពួកខ្លះ ក្នុងលោកនេះ មានសភាពដូច្នោះដែរ ម្នាលភិក្ខុទាំងឡាយ នេះជាសេះអាជានេយ្យដ៏ចំរើន ទី១ រមែងមាននៅក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សេះអាជានេយ្យដ៏ចំរើនពួកខ្លះ ក្នុងលោកនេះ បានឃើញស្រមោលនៃជន្លួញហើយ នៅតែមិនរំភើបដល់នូវសេចក្តី តក់ស្លុតទេ លុះតែគេចាក់ត្រង់រោម ដោយជន្លួញ ទើបរំភើបដល់នូវសេចក្តីតក់ស្លុតថា សារថី ជាអ្នកទូន្មាននូវសេះ ដែលគួរទូន្មាន នឹងធ្វើហេតុអ្វីដល់អញក្នុងថ្ងៃនេះ អញនឹងធ្វើតបទៅសារថីនោះ ដូចម្តេច។
ID: 636853497384204948
ទៅកាន់ទំព័រ៖