ព្រះត្រៃបិដក ភាគ ៤២
ការមិនប្រកបដោយកាមយោគៈ ការមិនប្រកបដោយភវយោគៈ ការមិនប្រកបដោយទិដ្ឋិយោគៈ និងការមិនប្រកបដោយអវិជ្ជាយោគៈ ដូច្នេះឯង។ បុគ្គល ប្រាសចាកអកុសលធម៌ ដ៏លាមក ជាគ្រឿងសៅហ្មង ជាហេតុនាំឲ្យ កើតក្នុងភពថ្មីទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ជាហេតុនាំឲ្យកើតជាតិ ជរា មរណៈតទៅ ព្រោះហេតុនោះ (បុគ្គលនោះ) ទើបហៅថា ជាអ្នកមានសេចក្តីក្សេមចាកយោគៈ។ ម្នាលភិក្ខុទាំងឡាយ ការមិនប្រកបដោយយោគៈ មាន ៤ យ៉ាងប៉ុណ្ណេះ។
ពួកសត្វប្រកបដោយកាមយោគៈ និងភវយោគៈ ទាំង ២ ប្រកបដោយទិដ្ឋិយោគៈ ត្រូវអវិជ្ជាយោគៈ ចោមរោម ជាអ្នកមានដំណើរទៅកាន់ជាតិ (ជរា) និងមរណៈ ជាប្រក្រតី រមែងអន្ទោលទៅរកសង្សារ។ ចំណែកពួកជនណា បានកំណត់ដឹង នូវកាមយោគៈផង ភវយោគៈ ដោយអាការទាំងពួងផង ដកឡើងនូវទិដ្ឋិយោគៈផង លះបង់នូវអវិជ្ជាយោគៈផង ជាអ្នកប្រាសចាកយោគៈទាំងពួង ជនទាំងនោះ ឈ្មោះថា ជាអ្នកប្រាជ្ញ កន្លងផុត នូវយោគៈ។
ចប់ ភណ្ឌគ្គាមវគ្គ ទី១។
ID: 636853396470933039
ទៅកាន់ទំព័រ៖