ព្រះត្រៃបិដក ភាគ ៤២
            
        
        
            
            
                
                ម្នាលភិក្ខុទាំងឡាយ នេះជាបុរសអាជានេយ្យដ៏ចំរើន ទី៣ រមែងមាននៅក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុរសអាជានេយ្យដ៏ចំរើនពួកខ្លះ ក្នុងលោកនេះ មិនឮថា ស្រ្តី ឬបុរសក្នុងស្រុក ឬនិគមឯណោះ ដល់នូវសេចក្តីទុក្ខ ឬធ្វើមរណកាល ទាំងមិនឃើញដោយខ្លួនឯង នូវស្រ្តី ឬបុរស ដល់នូវសេចក្តីទុក្ខ ឬធ្វើមរណកាលទៅ ទោះបីញាតិ ឬសាលោហិត របស់បុរសអាជានេយ្យនោះ ក៏មិនដល់នូវសេចក្តីទុក្ខ ឬធ្វើមរណកាលទៅ ស្រាប់តែខ្លួនឯង ពាល់ត្រូវដោយទុក្ខវេទនា ជាទីប្រជុំចុះក្នុងកាយដ៏ក្លាខ្លាំង រឹងរូស ក្តៅផ្សា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត ជាទីនាំបង់នូវជីវិត បុរសអាជានេយ្យនោះ ក៏រំភើប ដល់នូវសេចក្តីតក់ស្លុត ដោយហេតុនោះ (បុរសអាជានេយ្យនោះ) ជាអ្នកតក់ស្លុត ទើបដំកល់សេចក្តីព្យាយាម ដោយឧបាយនៃប្រាជ្ញា មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ទើបធ្វើឲ្យជាក់ច្បាស់ នូវបរមសច្ចៈ ដោយនាមកាយផង ចាក់ធ្លុះ ឃើញច្បាស់ ដោយបញ្ញាផង ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ចំរើននោះ ត្រូវគេចាក់ ដោយជន្លួញត្រង់ឆ្អឹង ក៏រំភើប ដល់នូវសេចក្តីតក់ស្លុត មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា បុរសអាជានេយ្យដ៏ចំរើននេះ មានឧបមេយ្យ ដូច្នោះដែរ។
            
            
         
        
            
                ID: 636853498400723090 
                
            
            
                ទៅកាន់ទំព័រ៖