ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកបៀតបៀន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនទទួលរ៉ាប់រង លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានតទៅទៀត នូវកាមវិតក្កៈ ដែលកើតឡើងហើយ មិនទទួលរ៉ាប់រង លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតតទៅទៀត នូវព្យាបាទវិតក្កៈ ដែលកើតឡើងហើយ មិនទទួលរ៉ាប់រង លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យកើតតទៅទៀត នូវវិហឹសាវិតក្កៈ ដែលកើតឡើងហើយ មិនទទួលរ៉ាប់រង លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានតទៅទៀត នូវអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតឡើងហើយ ៗ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបៀតបៀន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកអត់ធ្មត់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកអត់ធ្មត់ នូវត្រជាក់ ក្តៅ សេចក្តីឃ្លាន សេចក្តីស្រេក សម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ និងពាក្យដែលគេនិយាយអាក្រក់ និងគន្លងនៃពាក្យ ដែលកើតឡើង និងទុក្ខវេទនា ជាទីប្រជុំចុះ ក្នុងសរីរៈ ដ៏ក្លាខ្លាំង រឹងរូស ក្តៅផ្សា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត ជាទីនាំបង់នូវជីវិត ជាអ្នកប្រកបដោយអធិវាសនក្ខន្តិ។
ID: 636853499106133437
ទៅកាន់ទំព័រ៖