ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកអត់ធ្មត់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកដើរ (លឿន) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ទិសណា ដែលគេមិនធ្លាប់ទៅ ដោយកាលយូរអង្វែងនេះ សភាវៈណា ដែលជាទីរម្ងាប់បង់ នូវសង្ខារទាំងពួង ជាទីលះបង់ នូវឧបធិទាំងពួង ជាទីអស់ទៅនៃតណ្ហា ជាទីប្រាសចាករាគៈ ជាទីរលត់ គឺព្រះនិព្វាន ភិក្ខុក្នុងសាសនានេះ ជាអ្នកដើរទៅកាន់ទិស និងសភាវៈនោះ ដោយឆាប់រួសរាន់បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកដើរ (លឿន) យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ យ៉ាងនេះ ជាអ្នកគួរទទួលនូវទាន ដែលគេនាំមកបូជា ជាអ្នកគួរទទួលនូវអាគន្តុកទាន ជាអ្នកគួរទទួលនូវទក្ខិណាទាន ជាអ្នកគួរដល់អញ្ជលិកម្ម ជាបុញ្ញកេ្ខត្ត ដ៏ប្រសើររបស់សត្វលោក។
[១១៥] ម្នាលភិក្ខុទាំងឡាយ ហេតុនេះ មាន ៤ យ៉ាង។ ហេតុ ៤ យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ការធ្វើនូវហេតុមិនជាទីគាប់ចិត្ត ហេតុដែលគួរធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនជាប្រយោជន៍ ក៏មាន ម្នាលភិក្ខុទាំងឡាយ ការធ្វើនូវហេតុមិនជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ក៏មាន
ID: 636853499326076017
ទៅកាន់ទំព័រ៖