ព្រះត្រៃបិដក ភាគ ៤២
សីល សមាធិ បញ្ញា និងវិមុត្តិ ជាធម៌រកគុណជាតិដទៃ ប្រសើរជាងគ្មាន ធម៌ទាំងអម្បាលនេះ ព្រះគោតមមានយស បានត្រាស់ដឹងហើយ។ ព្រះពុទ្ធសំដែងធម៌ ដល់ភិក្ខុទាំងឡាយ ព្រោះត្រាស់ដឹងច្បាស់ ដោយប្រការដូច្នេះ សាស្តាមានចក្ខុ ធ្វើនូវទីបំផុតនៃទុក្ខហើយ ចេញចាកវានៈ គឺតណ្ហាហើយ។
[២] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយធម៌ ៤ យ៉ាង តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ។ ធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយអរិយសីល តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយអរិយសមាធិ តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយអរិយបញ្ញា តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយអរិយវិមុត្តិ តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ ១។
ID: 636853388844556835
ទៅកាន់ទំព័រ៖