ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ ចំណែកឯបណ្ឌិត រមែងពិចារណា ដូច្នេះថា ការធ្វើនូវហេតុជាទីគាប់ចិត្តនេះ ក៏មែនពិតហើយ តែថា ហេតុដែលធ្វើនេះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ទើបបណ្ឌិតនោះ មិនធ្វើនូវហេតុនោះ ហេតុដែលបណ្ឌិតមិនធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ បណ្តាហេតុទាំង ៤ យ៉ាងនោះ ការធ្វើនូវហេតុណា ជាទីគាប់ចិត្ត ហេតុដែលបុគ្គលធ្វើនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ម្នាលភិក្ខុទាំងឡាយ បុគ្គលរមែងសំគាល់នូវហេតុនេះ ថាជាហេតុដែលខ្លួនត្រូវធ្វើ ដោយហេតុ ២ ប្រការ គឺការធ្វើនូវហេតុណា ជាទីគាប់ចិត្ត ក៏សំគាល់នូវហេតុនេះ ថាជាហេតុដែលខ្លួនត្រូវធ្វើ ១ ហេតុណាដែលខ្លួនធ្វើ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ក៏សំគាល់នូវហេតុនេះ ថាជាហេតុដែលខ្លួនត្រូវធ្វើ ១ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតសំគាល់នូវហេតុនេះ ថាជាហេតុ ដែលខ្លួនត្រូវធ្វើ ដោយហេតុ ២ ប្រការ។ ម្នាលភិក្ខុទាំងឡាយ ហេតុ មាន ៤ យ៉ាងនេះឯង។
ID: 636853499844185651
ទៅកាន់ទំព័រ៖