ព្រះត្រៃបិដក ភាគ ៤២
[១១៧] ម្នាលភិក្ខុទាំងឡាយ សេចក្តីមិនប្រមាទ គឺការថែរក្សាចិត្ត ដោយសតិ បុគ្គលគួរធ្វើតាមសមគួរដល់ខ្លួន ក្នុងហេតុ ៤ យ៉ាង។ ហេតុ ៤ យ៉ាង ដូចម្តេចខ្លះ។ គឺសេចក្តីមិនប្រមាទ បានដល់ការថែរក្សាចិត្ត ដោយសតិ បុគ្គលគួរធ្វើ តាមសមគួរដល់ខ្លួនថា ចិត្តរបស់អាត្មាអញ កុំត្រេកត្រអាលទៅក្នុងធម៌ទាំងឡាយ ដែលគួរត្រេកត្រអាលឡើយ ១ សេចក្តីមិនប្រមាទ បានដល់ការថែរក្សាចិត្ត ដោយសតិ ដែលបុគ្គលគួរធ្វើតាមសមគួរដល់ខ្លួនថា ចិត្តរបស់អាត្មាអញ កុំប្រទុស្ត ក្នុងធម៌ទាំងឡាយ ដែលគួរប្រទុស្តឡើយ ១ សេចក្តីមិនប្រមាទ បានដល់ការថែរក្សា នូវចិត្តដោយសតិ បុគ្គលគួរធ្វើតាមសមគួរដល់ខ្លួនថា ចិត្តរបស់អាត្មាអញ កុំភាន់ច្រឡំ ក្នុងធម៌ទាំងឡាយ ដែលគួរភាន់ច្រឡំ ១ សេចក្តីមិនប្រមាទ បានដល់ការថែរក្សាចិត្តដោយសតិ បុគ្គលគួរធ្វើតាមសមគួរដល់ខ្លួនថា អាត្មាអញ កុំស្រវឹង ក្នុងធម៌ទាំងឡាយ ដែលគួរស្រវឹងឡើយ ១។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុមានចិត្តមិនត្រេកអរ ក្នុងធម៌ដែលគួរត្រេកអរ ព្រោះប្រាសចាករាគៈ មានចិត្តមិនប្រទុស្ត ក្នុងធម៌ដែលគួរប្រទុស្ត ព្រោះប្រាសចាកទោសៈ មានចិត្តមិនវង្វេង ក្នុងធម៌ដែលគួរវង្វេង ព្រោះប្រាសចាកមោហៈ
ID: 636853500265939774
ទៅកាន់ទំព័រ៖