ព្រះត្រៃបិដក ភាគ ៤២
កុលបុត្តនោះ ឃើញគហបតីក្តី កូនគហបតីក្តី ដែលឆ្អែតស្កប់ស្កល់ ព្រមព្រៀង មូលមិត្តដោយកាមគុណ ទាំង ៥ ក្នុងស្រុក ឬនិគមនោះ កុលបុត្តនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា យើងហ្នឹងឯង ក្នុងកាលពីដើម ជាគ្រហស្ថ ជាអ្នកធ្លាប់ឆ្អែត ស្កប់ស្កល់ ព្រមព្រៀង មូលមិត្តដោយកាមគុណ ទាំង ៥ ដែរ ទាំងភោគសម្បត្តិ ក្នុងត្រកូលរបស់អញ ក៏មានគ្រប់គ្រាន់ អញអាចនឹងប្រើប្រាស់ភោគសម្បត្តិបានផង និងធ្វើនូវបុណ្យ ក៏បានផង បើដូច្នោះ គួរតែអញលាសិក្ខា ត្រឡប់ទៅកាន់ភេទ ដ៏ថោកទាបវិញ ហើយប្រើប្រាស់ភោគសម្បត្តិផង ធ្វើបុណ្យផង។ កុលបុត្តនោះ ក៏លាសិក្ខា ត្រឡប់ទៅកាន់ភេទដ៏ថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុខ្លាចចំពោះភ័យអំពីទឹកកួចវិល ហើយលាសិក្ខា ត្រឡប់ទៅកាន់ភេទដ៏ថោកទាប។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យអំពីទឹកកួចវិលនេះឯង ជាឈ្មោះ នៃកាមគុណ ៥។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាវដភ័យ។ ម្នាលភិក្ខុទាំងឡាយ ចុះសុសុកាភ័យ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តខ្លះ ក្នុងលោកនេះ មានសទ្ធា ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយគិតថា អញត្រូវជាតិ ជរា មរណៈ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្តគ្របសង្កត់ ត្រូវទុក្ខគ្របសង្កត់
ID: 636853502861978259
ទៅកាន់ទំព័រ៖