ព្រះត្រៃបិដក ភាគ ៤២
ក៏ពិចារណាឃើញ នូវធម៌ទាំងនោះ ដោយសភាពថា មិនទៀង ថាជាទុក្ខ ថាជារោគ ថាជាបូស ថាជាព្រួញ ថាជាសេចក្តីតានតឹង ថាជាអាពាធ ថាជារបស់អ្នកដទៃ ថាជារបស់ទ្រុឌទ្រោម ថាជារបស់សោះសូន្យ ថាជារបស់មិនមែនរបស់ខ្លួន បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងចូលទៅកាន់សហភាព នៃពួកទេវតាជាន់សុទ្ធាវាស។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាឧបបត្តិ (ការកើត) មិនបានទួទៅដល់បុថុជ្ជនទាំងឡាយឡើយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ។បេ។ បានដល់ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ បានដល់ចតុត្ថជ្ឈាន សម្រាន្តនៅ។ ធម៌ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណណា មាននៅក្នុងលោកនោះ បុគ្គលនោះ ក៏ពិចារណាឃើញ នូវធម៌ទាំងនោះ ដោយសភាពថា មិនទៀង ថាជាទុក្ខ ថាជារោគ ថាជាបូស ថាជាព្រួញ ថាជាសេចក្តីតានតឹង ថាជាអាពាធ ថាជារបស់អ្នកដទៃ ថាជារបស់ទ្រុឌទ្រោម ថាជារបស់សោះសូន្យ ថាជារបស់មិនមែនជារបស់ខ្លួន។ បុគ្គលនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ រមែងចូលទៅកាន់សហភាព នៃពួកទេវតាជាន់សុទ្ធាវាស។
ID: 636853505041182902
ទៅកាន់ទំព័រ៖