ព្រះត្រៃបិដក ភាគ ៤២
បុគ្គលនោះ ក៏ត្រេកអរនឹងករុណានោះ ស្រឡាញ់ករុណានោះ ដល់នូវសេចក្តីត្រេកអរ ដោយករុណានោះ ឋិតនៅក្នុងករុណានោះ មានចិត្តចុះស៊ប់ ក្នុងករុណានោះ ជាអ្នកនៅដោយច្រើន ដោយករុណានោះ មិនបានសាបសូន្យចាកករុណា លុះធ្វើមរណកាលទៅ រមែងចូលទៅកាន់សហភាព នៃពួកទេវតា ជាន់អាភស្សរៈ។ ម្នាលភិក្ខុទាំងឡាយ អាយុនៃពួកទេវតា ជាន់អាភស្សរៈ មានប្រមាណ ២ កប្ប ព្រហ្មបុថុជ្ជន ឋិតនៅក្នុងទីនោះ ដរាបដល់អស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះព្រហ្មបុថុជ្ជន ញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងទៅកាន់នរកខ្លះ ទៅកាន់តិរច្ឆានកំណើតខ្លះ ទៅកាន់បិត្តិវិស័យខ្លះ ចំណែកសាវករបស់ព្រះដ៏មានព្រះភាគ ឋិតនៅក្នុងទីនោះ ដរាបដល់អស់កំណត់អាយុ ប្រមាណនៃអាយុរបស់ទេវតាទាំងនោះ មានកំណត់ត្រឹមណា លុះញុំាងអាយុទាំងអស់នោះ ឲ្យអស់ហើយ រមែងបរិនិព្វាន ក្នុងភពនោះតែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះជាសេចក្តីប្លែកគ្នា នេះជាសេចក្តីអធិប្បាយ នេះជាដំណើរផ្សេងគ្នា របស់អរិយសាវក ដែលមានសេចក្តីចេះដឹង និងបុថុជ្ជន ដែលមិនមានសេចក្តីចេះដឹង ដោយគតិ និងឧបបត្តិ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ មានចិត្តប្រកបដោយមុទិតា
ID: 636853505606915260
ទៅកាន់ទំព័រ៖