ព្រះត្រៃបិដក ភាគ ៤២
ពន្លឺដ៏លើសលុប ប្រមាណមិនបាន កន្លងបង់នូវអានុភាព ដ៏ប្រសើរ របស់ទេវតាទាំងឡាយ ក៏កើតមានប្រាកដ ក្នុងមនុស្សលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ចំណែកលោកន្តរិកនរកទាំងប៉ុន្មាន ដែលជាទីចំហ មិនមានអ្វីទ្រខាងក្រោម ជាទីងងឹត មានតែអ័ព្ទងងឹតសូន្យសុង ពន្លឺនៃព្រះចន្ទ្រ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើន យ៉ាងនេះ មានអានុភាពច្រើន យ៉ាងនេះ ក៏រមែងផ្សាយទៅមិនដល់ ក្នុងលោកន្តរិកនរកណា ពន្លឺដ៏លើសលុប ប្រមាណមិនបាន កន្លងបង់នូវអានុភាពដ៏ប្រសើរ របស់ទេវតាទាំងឡាយ ក៏កើតមានប្រាកដ ក្នុងលោកន្តរិកនរកនោះឯង ពួកសត្វណា កើតក្នុងលោកន្តរិកនរកនោះ សត្វទាំងនោះឯង ក៏ស្គាល់គ្នានិងគ្នា ដោយសារពន្លឺនោះថា ឱហ្ន៎ មានពួកសត្វដទៃ មកកើតក្នុងទីនេះដែរតើ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី៤ កើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចំឡែក ៤ យ៉ាងនេះឯង រមែងកើតប្រាកដ ព្រោះការកើត នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។
ID: 636853507516384476
ទៅកាន់ទំព័រ៖