ព្រះត្រៃបិដក ភាគ ៤២
ភិក្ខុនីបរិសទ្យនោះ តែងមានចិត្តរីករាយ ដោយការឃើញផង បើអានន្ទនិយាយធម៌ក្នុងទី
(១) នោះ ភិក្ខុនីបរិសទ្យនោះ ក៏មានចិត្តរីករាយ ដោយភាសិតផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ស្រាប់តែអានន្ទឈប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ បើឧបាសកបរិសទ្យ ចូលទៅដើម្បីជួបនឹងអានន្ទ ឧបាសកបរិសទ្យ តែងមានចិត្តរីករាយ ដោយការឃើញផង បើអានន្ទនិយាយធម៌ ក្នុងទីនោះ ឧបាសកបរិសទ្យ
(២) នោះ តែងមានចិត្តរីករាយ ដោយភាសិតផង ម្នាលភិក្ខុទាំងឡាយ ឧបាសកបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ស្រាប់តែអានន្ទឈប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ បើឧបាសិកាបរិសទ្យ ចូលទៅដើម្បីជួបនឹងអានន្ទ ឧបាសិកាបរិសទ្យនោះ តែងមានចិត្តរីករាយ ដោយការឃើញផង បើអានន្ទនិយាយធម៌ ក្នុងទីនោះ ឧបាសិកាបរិសទ្យ ក៏មានចិត្តរីករាយ ដោយភាសិតផង ម្នាលភិក្ខុទាំងឡាយ ឧបាសិកាបរិសទ្យ មិនទាន់ឆ្អែតនៅឡើយ ស្រាប់តែអានន្ទឈប់ស្ងៀម ១។ ម្នាលភិក្ខុទាំងឡាយ ហេតុអស្ចារ្យចំឡែក ក្នុងអានន្ទ ៤ យ៉ាងនេះឯង។
(១) គឺនិយាយ នូវបដិសន្ថារធម៌ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ចុះអ្នកល្មមអត់ទ្រាំបានដែរឬ ល្មមប្រព្រឹត្តទៅ បានស្រួលដែរឬ អ្នកទាំងឡាយ ធ្វើនូវអំពើក្នុងការយកចិត្តទុកដាក់ ដោយឧបាយ ប្រាជ្ញា បានបំពេញអាចរិយវត្ត និងឧបជ្ឈាយវត្តដែរឬ។ (២) និយាយទូន្មានថា នែឧបាសក អ្នកទាំងឡាយ រក្សានូវសរណគមន៍ ៣ និងសីល ៥ ដូចម្តេចខ្លះ ធ្វើឧបោសថ ៨ ក្នុងខែ ១ ដូចម្តេចខ្លះ បំពេញ នូវឧបដ្ឋានវត្ត ដល់មាតាបិតា ដូចម្តេចខ្លះ ផ្គត់ផ្គង់សមណៈ និងព្រាហ្មណ៍ ដែលប្រកបដោយធម៌ ដូចម្តេចខ្លះ។ ក្នុងឧបាសិកាបរិសទ្យ ក៏ដូចគ្នា។ អដ្ឋកថា។
ID: 636853508458168342
ទៅកាន់ទំព័រ៖