ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ បុគ្គលមានកាយមិនចេញ តែមានចិត្តចេញទៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានកាយមិនចេញទៅផង មានចិត្តក៏មិនចេញទៅផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ មិននៅអាស្រ័យព្រៃតូច ឬព្រៃធំ ជាសេនាសនៈដ៏ស្ងាត់ទេ បុគ្គលនោះ ថែមទាំងត្រិះរិះ នូវកាមវិតក្កៈក្តី ត្រិះរិះនូវព្យាបាទវិតក្កៈក្តី ត្រិះរិះនូវវិហឹសាវិតក្កៈក្តី ក្នុងទីនោះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានកាយមិនចេញទៅផង មានចិត្តក៏មិនចេញទៅផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល មានកាយចេញទៅផង មានចិត្តក៏ចេញទៅផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ នៅអាស្រ័យព្រៃតូច ឬព្រៃធំ ជាសេនាសនៈដ៏ស្ងាត់ បុគ្គលនោះ ថែមទាំងត្រិះរិះ នូវនេក្ខម្មវិតក្កៈក្តី ត្រិះរិះនូវអព្យាបាទវិតក្កៈក្តី ត្រិះរិះនូវអវិហឹសាវិតក្កៈក្តី ក្នុងទីនោះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានកាយចេញទៅផង មានចិត្តក៏ចេញទៅផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។
ID: 636853512264766067
ទៅកាន់ទំព័រ៖