ព្រះត្រៃបិដក ភាគ ៤២
[១៣៩] ម្នាលភិក្ខុទាំងឡាយ ធម្មកថិក (អ្នកសំដែងធម៌) នេះ មាន ៤ ពួក។ ធម្មកថិក ទាំង ៤ ពួក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ធម្មកថិកខ្លះ ក្នុងសាសនានេះ សំដែងធម៌តិចផង មិនប្រកបដោយប្រយោជន៍ផង ទាំងបរិសទ្យ ក៏ជាអ្នកមិនឈ្លាសវៃ ចំពោះធម៌ដែលប្រកបដោយប្រយោជន៍ និងធម៌ដែលមិនប្រកបដោយប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ធម្មកថិក មានសភាពយ៉ាងនេះ រមែងដល់នូវការរាប់ថា ជាធម្មកថិក របស់បរិសទ្យ មានសភាពដូច្នោះដែរ ម្នាលភិក្ខុទាំងឡាយ មួយទៀត ធម្មកថិកខ្លះ ក្នុងសាសនានេះ សំដែងធម៌តិចផង ប្រកបដោយប្រយោជន៍ផង ទាំងបរិសទ្យ ក៏ជាអ្នកឈ្លាសវៃ ចំពោះធម៌ ដែលប្រកបដោយប្រយោជន៍ និងធម៌ដែលមិនប្រកបដោយប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ធម្មកថិក មានសភាពយ៉ាងនេះ រមែងដល់នូវការរាប់ថា ជាធម្មកថិករបស់បរិសទ្យ មានសភាពដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ធម្មកថិកខ្លះ ក្នុងសាសនានេះ សំដែងធម៌ច្រើនផង មិនប្រកបដោយប្រយោជន៍ផង ទាំងបរិសទ្យ ក៏ជាអ្នកមិនឈ្លាសវៃ ចំពោះធម៌ ដែលប្រកបដោយប្រយោជន៍ និងធម៌ដែលមិនប្រកបដោយប្រយោជន៍។
ID: 636853512499899516
ទៅកាន់ទំព័រ៖