ព្រះត្រៃបិដក ភាគ ៤២
ម្នាលភិក្ខុទាំងឡាយ ធម្មកថិក មានសភាពយ៉ាងនេះ រមែងដល់នូវការរាប់ថា ជាធម្មកថិក របស់បរិសទ្យ មានសភាពដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ធម្មកថិកខ្លះ ក្នុងសាសនានេះ សំដែងធម៌ច្រើនផង ប្រកបដោយប្រយោជន៍ផង ទាំងបរិសទ្យ ក៏ជាអ្នកឈ្លាសវៃ ចំពោះធម៌ ដែលប្រកបដោយប្រយោជន៍ និងធម៌ដែលមិនប្រកបដោយប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ ធម្មកថិក មានសភាពយ៉ាងនេះ រមែងដល់នូវការរាប់ថា ជាធម្មកថិករបស់បរិសទ្យមានសភាពដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ធម្មកថិក ៤ ពួកនេះឯង។
[១៤០] ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោលនេះ មាន ៤ ពួក។ បុគ្គលអ្នកពោល ៤ ពួក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោល តែងដល់នូវការអស់ទៅដោយអត្ថ គឺអដ្ឋកថា មិនអស់ទៅដោយព្យញ្ជនៈ គឺបាឡីក៏មាន ១
(១) ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នលពោល តែងដល់នូវការអស់ទៅ ដោយព្យញ្ជនៈ មិនអស់ទៅដោយអត្ថ ក៏មាន ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោល តែងដល់នូវការអស់ទៅ ដោយអត្ថផង ដោយព្យញ្ជនៈផង ក៏មាន ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោល មិនដល់នូវការអស់ទៅដោយអត្ថ ទាំងមិនដល់ នូវការអស់ទៅ ដោយព្យញ្ជនៈ ក៏មាន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោល មាន ៤ ពួកនេះឯង។
(១) បានសេចក្តីថា កាលបើគេសួរអដ្ឋកថា ក៏សំដែងមិនរួច តែបើគេសួរតាមព្យញ្ជនៈ អាចសំដែងបាន។ អដ្ឋកថា។
ID: 636853512786715921
ទៅកាន់ទំព័រ៖