ព្រះត្រៃបិដក ភាគ ៤២
[១៤៧] ម្នាលភិក្ខុទាំងឡាយ កាល (នៃកុសលធម៌) ៤ យ៉ាងនេះ កាលបើបុគ្គលចំរើនដោយប្រពៃ ឲ្យប្រព្រឹត្តទៅ ដោយប្រពៃ រមែងឲ្យដល់នូវការអស់ទៅ នៃអាសវៈ ដោយលំដាប់។ កាល ៤ យ៉ាង តើដូចម្តេចខ្លះ។ គឺការស្តាប់ធម៌តាមកាល ១ សាកច្ឆាធម៌តាមកាល ១ ការចំរើនសមថៈ តាមកាល ១ ការចំរើនវិបស្សនាតាមកាល ១។ ម្នាលភិក្ខុទាំងឡាយ កាល ៤ យ៉ាងនេះឯង កាលបើបុគ្គលចំរើនដោយប្រពៃ ឲ្យប្រព្រឹត្តទៅដោយប្រពៃ រមែងឲ្យដល់នូវការអស់ទៅ នៃអាសវៈ ដោយលំដាប់ ម្នាលភិក្ខុទាំងឡាយ ភ្លៀងមានដំណក់ដ៏ថ្លោស ធ្លាក់ចុះលើកំពូលភ្នំ ទឹកកាលហូរទៅកាន់ទំនាប រមែងញុំាងជ្រោះ អូរ និងប្រឡាយភ្នំ ឲ្យពេញ លុះជ្រោះ អូរ និងប្រឡាយភ្នំ ពេញហើយ រមែងញុំាងបារាយណ៍
(១) តូច ឲ្យពេញ លុះបារាយណ៍តូចពេញហើយ រមែងញុំាងបារាយណ៍ធំ ឲ្យពេញ លុះបារាយណ៍ធំពេញហើយ រមែងញុំាងស្ទឹងតូច ឲ្យពេញ លុះស្ទឹងតូចពេញហើយ រមែងញុំាងស្ទឹងធំ ឲ្យពេញ លុះស្ទឹងធំ ពេញហើយ រមែងញុំាងសមុទ្រសាគរ ឲ្យពេញ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ កាលទាំង ៤ យ៉ាងនេះ បើបុគ្គលចំរើនដោយប្រពៃ ឲ្យប្រព្រឹត្តទៅដោយប្រពៃ រមែងឲ្យដល់នូវការអស់ទៅនៃអាសវៈ ដោយលំដាប់ ក៏មានឧបមេយ្យយ៉ាងនោះដែរ។
(១) បឹងតូច។
ID: 636853514163934694
ទៅកាន់ទំព័រ៖