ព្រះត្រៃបិដក ភាគ ៤២
មិនបានកាន់យក នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីគ្របសង្កត់នូវបុគ្គល ដែលមិនបានសង្រួម នូវចក្ខុន្រ្ទិយនុ៎ះ ព្រោះហេតុមិនបានសង្រួម នូវចក្ខុន្ទ្រិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួម នូវចក្ខុន្ទ្រិយនោះ រក្សានូវចក្ខុន្រ្ទិយ ដល់នូវសេចក្តីសង្រួម ក្នុងចក្ខុន្រ្ទិយ ឮសំឡេងដោយត្រចៀក … ធុំក្លិនដោយច្រមុះ … ជញ្ជាបរសដោយអណ្តាត ពាល់ត្រូវនូវផ្សព្វដោយកាយ … ដឹងនូវធម្មារម្មណ៍ដោយចិត្ត មិនបានកាន់យក នូវនិមិត្ត មិនបានកាន់យក នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីគ្របសង្កត់ នូវបុគ្គលដែលមិនបានសង្រួម នូវមនិន្រ្ទិយនុ៎ះ ព្រោះហេតុមិនបានសង្រួម នូវមនិន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួម នូវមនិន្រ្ទិយនោះ រក្សានូវមនិន្ទ្រិយ ដល់នូវសេចក្តីសង្រួម ក្នុងមនិន្ទ្រិយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សំវរប្បធាន។ ម្នាលភិក្ខុទាំងឡាយ បហានប្បធាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនបានតាំងចិត្តទទួល ខំលះបង់ បន្ទោបង់ ធ្វើឲ្យអស់ទៅ ឲ្យដល់នូវសេចក្តីវិនាស នូវកាមវិតក្កៈ ដែលកើតឡើងហើយ ព្យាបាទវិតក្កៈ ដែលកើតឡើងហើយ ... វិហឹសាវិតក្កៈ ដែលកើតឡើងហើយ ... មិនបានតាំងចិត្តទទួល ខំលះបង់ បន្ទោបង់ ធ្វើឲ្យអស់ទៅ ឲ្យដល់នូវសេចក្តីវិនាស នូវអកុសលធម៌ ដ៏លាមក ដែលកើតឡើងហើយ កើតឡើងហើយ។
ID: 636853398935073980
ទៅកាន់ទំព័រ៖